ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១៤ តុលា ២០១៩ 75

កិច្ចប្រជុំលើកទី ៤៩ នៃក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ (TWG-FR)

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ(TWG-FR) រួមជាមួយ លោក Antonio Schiavone ប្រធានផ្នែកប្រតិបត្តិនៃអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី ៤៩ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្ដីរដ្ឋបាលព្រៃឈើ តំណាងអន្ដរស្ថាប័ន វិស័យឯកជន អង្គការ និងដៃគូអភិវឌ្ឍន៍នានាដែលគាំទ្រសកម្មភាពការងារក្នុងវិស័យព្រៃឈើ។ របៀបវារៈ សំខាន់ៗរួមមាន៖ ១.ការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសូចនករតាមដានរួមគ្នា(JMI), ស្ថានភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច(ELC), វឌ្ឍនភាពនៃការរៀបចំវិសោធនកម្មច្បាប់ស្តីពីព្រៃឈើនិងផែនការ យុទ្ធសាស្រ្តព្រៃផ្តល់ផល ២.ការចែករំលែកព័ត៌មានរបស់ស្ថាប័ន និងដៃគូអភិវឌ្ឃន៍ពាក់ព័ន្ធ ៣. បច្ចុប្បន្នភាពនៃការអនុវត្តរបស់អនុក្រុមការងារ(Sub-working group) នៃ TWG-FR និង ៤.កិច្ចពិភាក្សា។ អង្គប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ហើយឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រតិភូ បានលើកទឹកចិត្ត និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមដាំដុះ និងស្តារព្រៃឈើឡើងវិញ ដើម្បីរួមចំណែកបំពេញតម្រូវការនៃការប្រើប្រាស់ឈើដាំ ពិសេសការបង្កើននូវគម្របបៃតងនៅទូទាំងប្រទេសកម្ពុជា។ កិច្ចប្រជុំលើកទី៥០របស់ TWG-FR គ្រោងនឹងរៀបចំនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ចេញ​ផ្សាយ​ ០៩ តុលា ២០១៩ 59

សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី “Scaling Up Agroforestry in the ASEAN Region for Food Security and Environment Benefit”

នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រដ្ឋបាលព្រៃឈើ សហការជាមួយលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសអាស៊ានស្តីពីសហគមន៍ព្រៃឈើ(AWG-SF) និងអង្គការស្បៀង និងកសិកម្ម(FAO) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី “Scaling Up Agroforestry in the ASEAN Region for Food Security and Environment Benefit” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ មន្ត្រីបង្គោលAWG-SF នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងអង្គការដៃគូពាក់ព័ន្ធសរុបចំនួន ៦២ នាក់។ គោលបំណងសំខាន់ៗនៃសិក្ខាសាលាគឺដើម្បីស្វែងរកការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមដែលមានស្រាប់ និងពិភាក្សាពីគោលបំណង លទ្ធផលរំពឹងទុក និងសកម្មភាពសម្រាប់គាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីកសិ-រុក្ខកម្ម។

ចេញ​ផ្សាយ​ ១៨ កញ្ញា ២០១៩ 75

ការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ)

នៅក្នុងខែកញ្ញា ឆ្នាំ២០១៩​ ក្រុមការងាររដ្ឋបាលព្រៃឈេីបានចុះធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តកំពត, ជាលទ្ធផលនៃការចុះស្រាវជ្រាវក្រុមការងារបានប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) សរុបចំនួន ១០០សំណាក(កេសរកូលដីមាន៦ប្រភេទ) ដែលក្នុងនោះយើងបានកំណត់អត្តសញ្ញាណឈ្មោះជា ១៦ ប្រភេទ។

ចេញ​ផ្សាយ​ ១៨ កញ្ញា ២០១៩ 62

ពិធីដាំដើមឈើក្រោមប្រធានបទ《ទេសចរណ៍មួយនាក់ ដើមឈើមួយដើម》

នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានរៀបចំកម្មពិធីដាំដើមឈើក្រោមប្រធានបទ《ទេសចរណ៍មួយនាក់ ដើមឈើមួយដើម》នៅក្នុងតំបន់ចម្ការពូជឈើគ្រញូង ដែលស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ កម្មវិធីនេះមានការចូលរួមពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិ រួមមានប៉ូលីស ប៉េអឹម សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ថ្នាក់ដឺកនាំ និងមន្រ្តីរាជការចូលរួមចំនួន១២៤០នាក់។

ចេញ​ផ្សាយ​ ១៨ កញ្ញា ២០១៩ 42

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលព្រៃឈើ និងអង្គការ RECOFTC

៣.កញ្ញា.២០១៩ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលព្រៃឈើ និងអង្គការ RECOFTC ស្តីពី “កិច្ចសហការដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជា”។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និង RECOFTC បានដំណើរការ១២ឆ្នាំមកហើយ និងសម្រេចបានលទ្ធផលផ្លែផ្កាច្រើនជូនប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យព្រៃឈើនិងអនុផលព្រៃឈើ ពិសេសមកដល់បច្ចុប្បន្ននេះរាជរដ្ឋបាលកម្ពុជាបានបង្កើតសហគមន៍ព្រៃឈើចំនួន៦៣៥កន្លែង និងបន្តជំរុញបង្កើតបន្ថែមទៀត។ Recoftc និងជួយផ្នែកកសាងសមត្ថភាពដល់សហគមន៍ និងការងារសម្របសម្រួលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នឹងជំរុញលើការលើកស្ទួយជីវភាពសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្ម ដើម្បីសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០។ សូមចូលរួមជួយសហគមន៍ខ្មែរយើងទាំងអស់គ្នាគ្រប់រូបភាព ទាំងការដាំដើមឈើ ឫស្សី ចិញ្ចឹមត្រី សត្វ។ល។

ចេញ​ផ្សាយ​ ១៩ កក្កដា ២០១៩ 36

កិច្ចប្រជុំលើកទី ២២នៃឧត្តមមន្រ្តីព្រៃឈើអាស៊ាន

ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលព្រៃឈេី និងនាយកដ្ឋានសហប្រតិបត្តិអន្តរជាតិ ចំនួន ០៧រូប ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាន អនុញ្ញាតចាត់បញ្ជូនមកចូលរួមកិច្ចប្រជុំចំនួនបីបន្តបន្ទាប់គ្នា នៅទីក្រុងម៉ាកាទី ម៉ានីល ប្រទេសហ្វីលីពីន ៖
- កិច្ចប្រជុំទី១ : កិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកាអភិវឌ្ឍផលិតផលព្រៃឈេីលេីកទី២២ (22nd AWG-FPD) បាន និងកំពុងប្រព្រឹត្តទៅចាប់ពិថ្ងៃទី១៥-១៦ កក្កដា ២០១៩។ លទ្ធផលនៃកិច្ចប្រជុំក្រុមការងារនេះ នឹងរាយការណ៍េជូនកិច្ចប្រជុំ ASOF ពិនិត្យ និងអនុម័តនៅថ្ងៃបន្ទាប់
- កិច្ចប្រជុំទី២ : សិក្ខាសាលាអន្តរជាតិស្តីពី The 20th ASOF International Issues Affecting Forestry and Forest Products (ថ្ងៃទី១៧ កក្កដា) និង
- កិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈេីអាស៊ានលេីកទី២២ (22nd ASOF) ពីថ្ងឺទី១៨-២០ កក្កដា ២០១៩)។

ចេញ​ផ្សាយ​ ១៣ កក្កដា ២០១៩ 40

កិច្ចប្រជុំទ្វេរភាគីជាមួយសាធារណៈរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃទី ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ លោកហង់ ស៊ុនត្រា អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រតិភូ បានដឹកនាំសហការី ជួបប្រជុំទ្វេរភាគីជាមួយនឹងលោក LIang Baojun , Vice President នៃNational Academy of Forestry and Grassland Administration, នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំបានផ្តោតលើ ការកិច្ចសហប្រតិបត្តិការសុីជម្រៅស្តីពីការងារបណ្តុះបណ្តាលក្នុងវិស័យព្រៃឈើ ។

ភាគីរដ្ឋបាលព្រៃឈើបាន ស្វាគមន៍ក្រុមការងារភាគីចិន ដែលបានចំណាយពេលវេលាមកទស្សនៈកិច្ចនៅប្រទេសកម្ពូជា និងការពង្រឹងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ភាគីរដ្ឋបាលព្រៃឈើបានលើកយកចំណុចសំខាន់ៗមួយចំនួនលើការងារបណ្តុះបណ្តាលដែលជាសេចក្តីត្រូវការចាំបាច់ដែលរួមមាន៖ ១).ការកសាងសមត្ថភាពមន្រ្តីលើការងារTissue Culture ដើម្បីផលិិតកម្មកូនឈើ ជាពិសេសប្រភេទឈើសំខាន់ៗ, ២).ការលើកស្ទួយជីវភាពសហគមន៍ព្រៃឈើ ,៣).ការកែច្នៃឫស្សី , ៤). ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ, ៥).ទេសចរណ៍ធម្មជាតិ, ៦).Personel Training លើការងារគោលយោបាយ និងផែនការយុទ្ធសាស្រ្ត។

ជាការឆ្លើយតបភាគីចិន បានសម្តែងការចាប់អារម្មណ៍ និងអាចជួយគាំទ្រសកម្មភាពការងារបណ្តុះបណ្តាលរបស់រដ្ឋបាលព្រៃឈើដែលបានលើកឡើង និងសន្យាពង្រីក និងពង្រឹងកិច្ចសហការនេះបន្ថែមទៀតនាថ្ងៃអនាគត។ បន្ថែមពីនេះភាគីចិនបានបង្ហាញពីប្រធានបទបណ្តុះបណ្តាលចំនួន ០៨ សម្រាប់ឆ្នាំ ២០១៩ និងសូមស្វាគមន៍មន្រ្តីរដ្ឋបាលព្រៃឈើដែលមានបំណងចូលរួមកម្មវិធីបណ្តុះបណ្តាលនៅសធារណៈរដ្ឋប្រជាមានិតចិន។

ជាចុងបញ្ចប់ភាគីទាំងពីរបានសន្យាបន្តកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតតាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ជាមួយគ្នា។

ចេញ​ផ្សាយ​ ១៣ កក្កដា ២០១៩ 44

ពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩

នាថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមរដ្ឋបាលព្រៃឈេី​ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងទិវាដ៏មហានក្ខត្តឬក្សនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង គង់ សំអុល វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៧ ០០០នាក់។

នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៦ ពិធី "រុក្ខទិវា" ត្រូវបានប្រារព្ធឡើងនៅ ចំណុច គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមវត្តមានសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គូសបញ្ជាក់ផងដែរថា "រុក្ខទិវា" ត្រូវបានប្រតិបត្តិតាមគន្លងនៃព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា "ព្រះបរមរតនកោដ្ឋ" (ហើយនិងមានបញ្ញត្តិក្នុងច្បាប់ស្តីពីព្រៃឈើ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្វពិធីនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ឬព្រះរាជតំណាង)

សម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះ គ្រញូង​ ធ្នង់ កកោះ អង្កាញ់ សរុបចំនួន ១៣ ៦០០ដើម ដាំនៅលើផ្ទៃដីទំហំ ១០ហត នៃផ្ទៃដីសរុប ៩៨៧ហត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
នាយកដ្ឋាន

Contact Us / ទំនាក់ទំនងរដ្ឋបាលព្រៃឈើ

Address: #40, Preah Norodom Bldv., Phsar Kandal 2, Daun Penh, Phnom Penh, Cambodia 

អាសយដ្ឋាន៖ អគារលេខ ៤០ មហាវិថីព្រះនរោត្ដម សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា

Tel / ទូរស័ព្ទ៖ (855) 23 214 651 

Fax / ទូរសារ៖ (855) 23 212 201 

Facebook Page / គេហទំព័រហ្វេសប៊ុក: www.facebook.com/forestry.maff.gov.kh

Website / វែបសាយ៖ fa.maff.gov.kh