ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
ចេញផ្សាយ ២៨ មិថុនា ២០២៤
2186
នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី ដែលដឹកនាំដោយលោកស្រី Li Qiaoyu អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស បានសំដែងកិច្ចស្វាគមន៍ និងថ្លែងអំរណគុណដល់គណៈប្រតិភូចិន ដែលបានចំណាយពេលមកទស្សនកិច្ចនៅកម្ពុជា និងការជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគីស្តីពីការអភិវឌ្ឍវិស័យព្រៃឈើ និងឧស្សាហកម្មឈើដាំ។ ឯកឧត្តមបណ្ឌិតបានលើកឡើងពីការងារសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ កម្ពុជា និងអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នាពេលកន្លងមក ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងត្រូវពង្រឹងបន្ថែមទៀតក្នុងកិច្ចសប្រតិបត្តិការលើការងារស្រាវជ្រាវ និងការអភិវឌ្ឍព្រៃឈើ ជាពិសេសការងារដាំឈើ និងឧស្សាហកម្មកែច្នៃឈើ។
ជាការឆ្លើយតបលោកស្រី ស្រី Li Qiaoyu បានធ្វើសេចក្តីសង្ខេបជូនអង្គប្រជុំពីការងារសំខាន់របស់អគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី ដោយបានសង្កត់ធ្ងន់លើការជំរុញ និងពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរដែលបានអនុវត្តល្អប្រសើរនាពេលកន្លងមក ដែលនឹងផ្តោតលើការសិក្សាស្រាវជ្រាវ និងពង្រឹងបច្ចេកវិទ្យាព្រៃឈើ និងការងារអភិវឌ្ឍន៍ការដាំឈើដោយសារប្រទេសកម្ពុជា និងខេត្តក្វាងស៊ីមានលក្ខខណ្ឌអាកាសធាតុស្រដៀងគ្នា ។ ជាចុងក្រោយនេះលោកស្រីបានអញ្ជើញគណៈប្រតិភូព្រៃឈើកម្ពុជា ដើម្បីចូលរួម The Second World Forestry Industry Conference ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១២ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ប្រទេសចិនខាងមុខនេះ។
ឯកឧត្តមប្រតិភូបាន ឯកភាពនឹងសំណើចំណុចនៃកិច្ចសហប្រតិបត្តិការរបស់ភាគីចិន និងត្រៀមគណ:ប្រតិភូព្រៃឈើកម្ពុជាទៅចូលរូមវេទិកា ឧស្សាហកម្មព្រៃឈើពិភពលោកលើកទី២ តាមការអញើញពីភាគីចិន។