សិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា»

ចេញ​ផ្សាយ​ ០១ មេសា ២០២៤ 652

ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា» ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតិភាព លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក្រោមការឧបត្ថម្ភថវិកាដោយ លេខាធិការដ្ឋាន CITES ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើរាជធានី-ខេត្ត ក្រុមការងារអន្តរក្រសួងសម្រាប់ស្រាវជ្រាវស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបការធ្វើពាណិជ្ជកម្មភ្លុកដំរីល្មើសច្បាប់ (LEAT) សមត្ថកិច្ចវិទ្យាសាស្រ្តសាយតេសកម្ពុជា រដ្ឋបាលជលផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងបរិស្ថាន នគរបាលជាតិ គ្រឹះស្ថានអប់រំ អង្គការWCS និងវិស័យឯកជន សរុបមានចំនួន ៧៥រូប។
គោលបំណងនៃអង្គសិក្ខាសាលាគឺដើម្បី ១).លើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញា CITES ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៅកម្ពុជា ២).ផ្សព្វផ្សាយ ចែករំលែកព័ត៌មានក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផ្សេងទៀតទាក់ទងទៅនឹងផែនការសកម្មភាពជាតិភ្លុកដំរី (Cambodia’s National Ivory Action Plan (NIAP)) ៣).ពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធសម្រាប់រៀបចំគោលការណ៍ណែនាំស្តីពីសន្និធិភ្លុកដំរី ការចុះបញ្ជីដំរីស្រុក (ចិញ្ចឹម) និងគោលការណ៍ណែនាំស្តីពីការកំណត់ប្រភពស្របច្បាប់ (LAF) សម្រាប់ប្រភេទសត្វព្រៃបង្កាត់ពូជក្នុងកសិដ្ឋាន (ចិញ្ចឹម)។