រដ្ឋបាលព្រៃឈើបានសហការជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ Geres អង្គការ RECOFTC និងក្រុមហ៊ុន Okoone បានដាក់សម្ភោធ ឲ្យដំណើរការនូវប្រព័ន្ធឌីជីថលសម្រាប់ផលិត​កម្ម និងការប្រើប្រាស់ធ្យូងប្រកបដោយនិរន្តរភាពនៅរាជធានីភ្នំពេញ

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 12168

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាលព្រៃឈើបានសហការជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ Geres អង្គការ RECOFTC និងក្រុមហ៊ុន Okoone បានដាក់សម្ភោធ ឲ្យដំណើរការនូវប្រព័ន្ធឌីជីថលសម្រាប់ផលិត​កម្ម និងការប្រើប្រាស់ធ្យូងប្រកបដោយនិរន្តរភាពនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើ តំណាងមកពីក្រសួងពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការមិនមានរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន សរុបចំនួន ៧០ នាក់។ គោលបំណងនៃពិធីនេះគឺ ធ្វើការលើកកម្ពស់ការយល់ដឹងរបស់អ្នកពាក់អំពីការសាកល្បងប្រព័ន្ធបច្ចេកវិទ្យានិងដំណើរការរបស់ប្រព័ន្ធឌីជីថលសម្រាប់ការតាមដានប្រតិបត្តិការរបស់ពួកគេនៅគ្រប់ជំហាននៃខ្សែសង្វាក់ផលិតកម្ម​ និងការចែកចាយធ្យូង ក្នុងទិសដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូប្រធានរដ្ឋបាលព្រៃឈើ លើកឡើងអំពីសារសំខាន់នៃប្រព័ន្ធឌីជីថលនេះ ដែលចូលរួមចំណែកដល់ការអនុវត្តកម្មវិធីព្រៃឈើជាតិ(២០១០-២០២៩)​ ជាពិសេសការផ្គត់ផ្គង់ឈើឥន្ទនៈ​ដូចជាអុស និងធ្យូងសម្រាប់តម្រូវការក្នុងស្រុក និងការដាំស្តារព្រៃឈើឡើងវិញតាមសហគមន៍ព្រៃឈើសម្រាប់ការផ្គត់ផ្គង់តម្រូវការនាពេលអនាគត។