ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុន លីអូប៉ា ប៊ែមប៊ូ ឯ.ក ស្តីពី”គម្រោងស្តារដីព្រៃរេចរឹលឡើងវិញដោយការដាំដុះឬស្សី”

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9841

នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅរដ្ឋបាលព្រៃឈើមានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុន លីអូប៉ា ប៊ែមប៊ូ ឯ.ក ស្តីពី”គម្រោងស្តារដីព្រៃរេចរឹលឡើងវិញដោយការដាំដុះឬស្សី” ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ ប្រធានអង្គភាពក្រោមឱវាទ សមាជិក សមាជិកាក្រុមការងារអភិវឌ្ឍន៍ឬស្សីរបស់រដ្ឋបាលព្រៃឈើ ព្រមទាំងលោក Richard Dansey នាយកប្រតិបត្តនៃក្រុមហ៊ុន លីអូប៉ា ប៊ែមប៊ូ ឯ.ក និងសហការី។
នាក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមប្រតិភូបានសម្ដែងនូវការកោតសរសើរដល់ក្រុមការងារអភិវឌ្ឍន៍ឬស្សីរបស់រដ្ឋបាលព្រៃឈើចំពោះការខិតខំប្រឹងប្រែងរៀបចំនូវគម្រោងនេះឡើង ដែលជាកាលានុវត្តន៍ភាពថ្មីមួយទៀត ក្នុងការរួមចំណែក ជួយជំរុញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងតាមរយះកិច្ចសហការដាំដុះឬស្សីលើដីព្រៃរេចរឹលសម្រាប់ផ្គត់ផ្គង់ការផលិតអគ្គិសនីនិងជំរុញផលិតកម្មឬស្សីនៅកម្ពុជា។