ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន រួមជាមួយនិងឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាការទី៣ និងទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៥ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រាងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី

ចេញ​ផ្សាយ​ ២៩ ឧសភា ២០១៨ 136

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន រួមជាមួយនិងឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាការទី៣ និងទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៥ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រាងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី គឺអាចចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀត ដើម្បីធានាការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើប្រកបដោយនីរន្តរភាព ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាលលើវិស័យព្រៃឈើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ចាក់ថា កិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ដែលហៅកាត់ថា អាហ្វូកូ (AFoCO : Asian Forest Cooperation Organization) ត្រូវបានបង្កើតទ្បើងក្រោមរូបភាពជាអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព្រៃឈើក្នុងតំបន់ តាមរយៈការបម្លែងគោលនយោបាយ និងបច្ចេកវិទ្យា ឲ្យទៅជាសកម្មភាពជាក់ស្តែង ក្រោមបរិបទនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយ​ផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ ហើយទីស្នាក់ការកណ្តាលរបស់អង្គការអាហ្វូកូ និងលេខាធិការដ្ឋានមានទីតាំងស្ថិតនៅក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ។ រហូតមកទល់ពេលនេះមានប្រទេសចំនួន ១០ បានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ីនេះ ក្នុងនោះរួមមាន៖ (១)​សាធារណ​រដ្ឋកូរ៉េ (២)សាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត (៣)សាធារណរដ្ឋឥណ្ឌូណេស៊ី (៤)រាជាណាចក្រប៊ូតង់ (៥)សាធារណរដ្ឋសង្គមនិយមវៀតណាម (៦)ព្រះរាជាណាចក្រកម្ពុជា (៧)រាជាណាចក្រព្រុយណេ (៨)សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា (៩)ប្រទេសម៉ុងហ្គោលី និង (១០)សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងចំណោមប្រទេសហត្ថលេខីទាំង​១០​ខាងលើ មានប្រទេសចំនួន៥បានដាក់តម្កល់នូវលិខិតូបករណ៍នៃការផ្តល់សច្ចាប័នរួចហើយ ក្នុងនោះរួមមាន ៖ (១)សាធារណរដ្ឋកូរ៉េ (២)សាធារណរដ្ឋសង្គមនិយមវៀតណាម (៣)​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (៤)រាជាណាចក្រប៊ូតង់ និង(៥)សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។