កិច្ចប្រជុំលើកទី ៤៩ នៃក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ (TWG-FR)

ចេញ​ផ្សាយ​ ១៤ តុលា ២០១៩ 1793

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ(TWG-FR) រួមជាមួយ លោក Antonio Schiavone ប្រធានផ្នែកប្រតិបត្តិនៃអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី ៤៩ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្ដីរដ្ឋបាលព្រៃឈើ តំណាងអន្ដរស្ថាប័ន វិស័យឯកជន អង្គការ និងដៃគូអភិវឌ្ឍន៍នានាដែលគាំទ្រសកម្មភាពការងារក្នុងវិស័យព្រៃឈើ។ របៀបវារៈ សំខាន់ៗរួមមាន៖ ១.ការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសូចនករតាមដានរួមគ្នា(JMI), ស្ថានភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច(ELC), វឌ្ឍនភាពនៃការរៀបចំវិសោធនកម្មច្បាប់ស្តីពីព្រៃឈើនិងផែនការ យុទ្ធសាស្រ្តព្រៃផ្តល់ផល ២.ការចែករំលែកព័ត៌មានរបស់ស្ថាប័ន និងដៃគូអភិវឌ្ឃន៍ពាក់ព័ន្ធ ៣. បច្ចុប្បន្នភាពនៃការអនុវត្តរបស់អនុក្រុមការងារ(Sub-working group) នៃ TWG-FR និង ៤.កិច្ចពិភាក្សា។ អង្គប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ហើយឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រតិភូ បានលើកទឹកចិត្ត និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមដាំដុះ និងស្តារព្រៃឈើឡើងវិញ ដើម្បីរួមចំណែកបំពេញតម្រូវការនៃការប្រើប្រាស់ឈើដាំ ពិសេសការបង្កើននូវគម្របបៃតងនៅទូទាំងប្រទេសកម្ពុជា។ កិច្ចប្រជុំលើកទី៥០របស់ TWG-FR គ្រោងនឹងរៀបចំនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។