ពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩

ចេញ​ផ្សាយ​ ១៣ កក្កដា ២០១៩ 371

នាថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមរដ្ឋបាលព្រៃឈេី​ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងទិវាដ៏មហានក្ខត្តឬក្សនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង គង់ សំអុល វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៧ ០០០នាក់។

នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៦ ពិធី "រុក្ខទិវា" ត្រូវបានប្រារព្ធឡើងនៅ ចំណុច គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមវត្តមានសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គូសបញ្ជាក់ផងដែរថា "រុក្ខទិវា" ត្រូវបានប្រតិបត្តិតាមគន្លងនៃព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា "ព្រះបរមរតនកោដ្ឋ" (ហើយនិងមានបញ្ញត្តិក្នុងច្បាប់ស្តីពីព្រៃឈើ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្វពិធីនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ឬព្រះរាជតំណាង)

សម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះ គ្រញូង​ ធ្នង់ កកោះ អង្កាញ់ សរុបចំនួន ១៣ ៦០០ដើម ដាំនៅលើផ្ទៃដីទំហំ ១០ហត នៃផ្ទៃដីសរុប ៩៨៧ហត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។