ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៤ 1773

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី ដែលដឹកនាំដោយលោកស្រី Li Qiaoyu អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស បានសំដែងកិច្ចស្វាគមន៍ និងថ្លែងអំរណគុណដល់គណៈប្រតិភូចិន ដែលបានចំណាយពេលមកទស្សនកិច្ចនៅកម្ពុជា និងការជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគីស្តីពីការអភិវឌ្ឍវិស័យព្រៃឈើ និងឧស្សាហកម្មឈើដាំ។ ឯកឧត្តមបណ្ឌិតបានលើកឡើងពីការងារសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ កម្ពុជា និងអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នាពេលកន្លងមក ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងត្រូវពង្រឹងបន្ថែមទៀតក្នុងកិច្ចសប្រតិបត្តិការលើការងារស្រាវជ្រាវ និងការអភិវឌ្ឍព្រៃឈើ ជាពិសេសការងារដាំឈើ និងឧស្សាហកម្មកែច្នៃឈើ។ 
ជាការឆ្លើយតបលោកស្រី ស្រី Li Qiaoyu បានធ្វើសេចក្តីសង្ខេបជូនអង្គប្រជុំពីការងារសំខាន់របស់អគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី ដោយបានសង្កត់ធ្ងន់លើការជំរុញ និងពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរដែលបានអនុវត្តល្អប្រសើរនាពេលកន្លងមក ដែលនឹងផ្តោតលើការសិក្សាស្រាវជ្រាវ និងពង្រឹងបច្ចេកវិទ្យាព្រៃឈើ និងការងារអភិវឌ្ឍន៍ការដាំឈើដោយសារប្រទេសកម្ពុជា និងខេត្តក្វាងស៊ីមានលក្ខខណ្ឌអាកាសធាតុស្រដៀងគ្នា ។ ជាចុងក្រោយនេះលោកស្រីបានអញ្ជើញគណៈប្រតិភូព្រៃឈើកម្ពុជា ដើម្បីចូលរួម The Second World Forestry Industry Conference ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១២ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ប្រទេសចិនខាងមុខនេះ។
ឯកឧត្តមប្រតិភូបាន ឯកភាពនឹងសំណើចំណុចនៃកិច្ចសហប្រតិបត្តិការរបស់ភាគីចិន និងត្រៀមគណ:ប្រតិភូព្រៃឈើកម្ពុជាទៅចូលរូមវេទិកា ឧស្សាហកម្មព្រៃឈើពិភពលោកលើកទី២ តាមការអញើញពីភាគីចិន។
ចេញ​ផ្សាយ​ ១៣ មិថុនា ២០២៤ 1933

កម្មវិធីដាំកូនឈើ និងចែកកូនឈើ ចំនួន ៦០០០ ដើម ជូនដល់សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច និងសហគមន៍ព្រៃឈើផ្សេងទៀតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤  រដ្ឋបាលព្រៃឈើ អជ្ញាធរខេត្តកំពង់ធំ និងអង្គការស្បៀងអាហារកសិកម្ម បានរៀបចំ កម្មវិធីដាំកូនឈើ និងចែកកូនឈើ ចំនួន ៦០០០ ដើម ជូនដល់សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច និងសហគមន៍ព្រៃឈើផ្សេងទៀតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី ដោយលោកបណ្ឌិត ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម អ៊ុន ប៊ុត អភិបាលរងខេត្តកំពង់ធំ លោកស្រី Rebekah Bell នាយិកាអង្គការ FAO ប្រចាំកម្ពុជា លោក Joseph Scheuer អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក Markus Bürli នាយកនៃការិយាល័យ សហប្រតិបត្តិការស្វីស និងទីភ្នាក់ងារកុងស៊ុលនៅកម្ពុជា តំណាងសាកលវិទ្យាល័យភូមិន្ទ កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ព្រះសង្ឃ សិស្សានុសិស្ស និងតំណាងសហគមន៍ព្រៃឈើទាំង ៦ឃុំ សរុបចំនួន ១៥០នាក់។
កម្មវិធីនេះ គាំទ្រដោយគម្រោង ស្តីពី “Restoration for Resilience and Recovery of forest communities in Cambodia” ។

ចេញ​ផ្សាយ​ ០៦ មិថុនា ២០២៤ 1799

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់ នៃការចូលរួមចំណែកផលិតផលឈើទៅក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ “Enhancing the Contribution of Wood Products to the Economies of the Lower Mekong Sub-Region” Report and Study Tour”

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់ នៃការចូលរួមចំណែកផលិតផលឈើទៅក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ “Enhancing the Contribution of Wood Products to the Economies of the Lower Mekong Sub-Region” Report and Study Tour” ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភដោយធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមមកពីរដ្ឋបាលព្រៃឈើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រុមហ៊ុនដាំឈើ ធនាគារពិភពលោក ប្រតិភូឡាវ និងវៀតណាម សរុបមានចំនួន ៣៣រូប។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយការរកឃើញនៃលទ្ធផលសិក្សា និងការផ្តល់នូវអនុសាសន៍ ព្រមទាំងការជំរុញកិច្ចសន្ទនាក្នុងចំណោមអ្នកពាក់ព័ន្ធលើការដោះស្រាយបញ្ហាប្រឈម និងឱកាសក្នុងវិស័យព្រៃឈើក្នុងអនុតំបន់ទន្លេមេគង្គ។
ចេញ​ផ្សាយ​ ០៤ មេសា ២០២៤ 3057

កិច្ចប្រជុំអំពីការធ្វើបទបង្ហាញស្តីពី "CW Series Unmanned Aerial Vehicle System(UAS)" របស់ក្រុមហ៊ុន China National Aero-technology Import & Export Corporation(CATIC)

កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំមន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ ចូលរួមស្តាប់ និងពិភាក្សាលើបទបង្ហាញស្តីពី ការប្រើប្រាស់ដ្រូន CW UAS សម្រាប់គ្រប់គ្រងធនធានព្រៃឈើ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បទបង្ហាញនេះត្រូវបានរៀបចំដោយក្រុមហ៊ុន CATIC មកពីសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញអំពីសារៈប្រយោជន៍នៃបច្ចេកវិជ្ជាដ្រូន CW series ដែលអាចប្រើប្រាស់សម្រាប់វាយតម្លៃលើការប្រើប្រាស់ដី បម្រែបម្រួលគម្របដី ការកាប់រានដីព្រៃ ការកំណត់មុខសញ្ញា និងការតាមដានសកម្មភាពនានា (ទាំងពេលថ្ងៃ និងយប់) ការវាយតម្លៃដោយឆាប់រហ័សអំពីភ្លើងឆេះព្រៃ ព្រមទាំងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ ដ្រូន CW series ពាក់ព័ន្ធនឹងវិស័យព្រៃឈើកន្លងមកជាដើម។

ចេញ​ផ្សាយ​ ០១ មេសា ២០២៤ 2554

សិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា»

ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា» ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតិភាព លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក្រោមការឧបត្ថម្ភថវិកាដោយ លេខាធិការដ្ឋាន CITES ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើរាជធានី-ខេត្ត ក្រុមការងារអន្តរក្រសួងសម្រាប់ស្រាវជ្រាវស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបការធ្វើពាណិជ្ជកម្មភ្លុកដំរីល្មើសច្បាប់ (LEAT) សមត្ថកិច្ចវិទ្យាសាស្រ្តសាយតេសកម្ពុជា រដ្ឋបាលជលផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងបរិស្ថាន នគរបាលជាតិ គ្រឹះស្ថានអប់រំ អង្គការWCS និងវិស័យឯកជន សរុបមានចំនួន ៧៥រូប។
គោលបំណងនៃអង្គសិក្ខាសាលាគឺដើម្បី ១).លើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញា CITES ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៅកម្ពុជា ២).ផ្សព្វផ្សាយ ចែករំលែកព័ត៌មានក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផ្សេងទៀតទាក់ទងទៅនឹងផែនការសកម្មភាពជាតិភ្លុកដំរី (Cambodia’s National Ivory Action Plan (NIAP)) ៣).ពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធសម្រាប់រៀបចំគោលការណ៍ណែនាំស្តីពីសន្និធិភ្លុកដំរី ការចុះបញ្ជីដំរីស្រុក (ចិញ្ចឹម) និងគោលការណ៍ណែនាំស្តីពីការកំណត់ប្រភពស្របច្បាប់ (LAF) សម្រាប់ប្រភេទសត្វព្រៃបង្កាត់ពូជក្នុងកសិដ្ឋាន (ចិញ្ចឹម)។
ចេញ​ផ្សាយ​ ០៤ មេសា ២០២៣ 7668

ការរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp. និង អាកាស្យា-Acacia hybrid)

នាថ្ងៃទី ០៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ បានចុះរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp.  និង អាកាស្យា-Acacia hybrid) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ដើម្បីឱ្យការងារនេះអនុវត្តមានប្រសិទ្ធិភាពខ្ពស់ ក្រុមការងារបានធ្វើការណែនាំការងារបច្ចេកទេសបន្ថែមទៀតដល់មន្ត្រីអនុវត្តន៍ទីវាល និងបុគ្គលិកបណ្តែតដែលធ្វើការនៅថ្នាលបណ្តុះកូនឈើរបស់នាយកដ្ឋាន។

ចេញ​ផ្សាយ​ ០៤ មេសា ២០២៣ 4775

សិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា"

នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា" ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងការចូលរួមដោយសមាជិកគណៈកម្មាការដឹកនាំគម្រោងដែលមកពីរដ្ឋបាលព្រៃឈើ អង្គការ AFoCO KMFCC សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។ សិក្ខាសាលា និងកិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីការចាប់ផ្តើមគម្រោង ព្រមទាំងពិភាក្សា និងសម្រេចលើផែនការសកម្មភាព និងផែនការថវិកាប្រចាំ២០២៣។

ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៣ 9724

សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor)

នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះ រៀបចំរួមគ្នាដោយដៃគូអភិវឌ្ឍន៍ដូចជា FAO UNDP SDC RECOFTC និង WCS ព្រមទាំងមានចូលរួមដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីនៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធសរុបចំនួន ៤០នាក់។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
នាយកដ្ឋាន

Address: #40, Preah Norodom Bldv., Phsar Kandal 2, Daun Penh, Phnom Penh, Cambodia 

អាសយដ្ឋាន៖ អគារលេខ ៤០ មហាវិថីព្រះនរោត្ដម សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា

Tel / ទូរស័ព្ទ៖ (855) 23 214 651 

Fax / ទូរសារ៖ (855) 23 212 201 

Facebook Page / គេហទំព័រហ្វេសប៊ុក: www.facebook.com/forestry.maff.gov.kh

Website / វែបសាយ៖ fa.maff.gov.kh